ប៉ះទង្គិចគ្នារវាងឥណ្ឌូណេស៊ី-ថៃ មេ FIFA ថាបាល់ទាត់អាស៊ីអាគ្នេយ៍ល្អហើយតែនៅរំខានដោយហិង្សា

ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Gianni Infantino ប្រតិកម្មចំពោះការប៉ះទង្គិចគ្នារវាងឥណ្ឌូណេស៊ី និងថៃ នាជំនួបវគ្គផ្តាច់ព្រ័ត្រកីឡាបាល់ទាត់បុរសស៊ីហ្គេមលើកទី៣២ នៅទឹកដីកម្ពុជា។ លោក Infantino មើលឃើញថា ការអភិវឌ្ឍន៍កីឡាបាល់ទាត់នៅតំបន់អាស៊ីអាគ្នេយ៍ល្អប្រសើរហើយ ប៉ុន្តែនៅញាំញីដោយអំពើហិង្សានៅឡើយ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡា SEA Games ឆ្នាំ ២០២៣ រវាងក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំ ឥណ្ឌូណេស៊ី និងថៃ នៅថ្ងៃទី១៦ ខែឧសភា នាពហុកីឡដ្ឋានជាតិអូឡាំពិក បានក្លាយជាចំណុចចាប់អារម្មណ៍ក្នុងពិភពបាល់ទាត់ បន្ទាប់ពីមានហេតុការណ៍ប៉ះទង្គិចគ្នាដល់ទៅពីរលើករវាងកីឡាករ និងមន្ត្រីក្រុម។
ប្រធាន FIFA លោក Infantino ទីបំផុតក៏បានលើកឡើងពីចលាចលក្នុងទីលាន នាជំនួបវគ្គផ្ដាច់ព្រ័ត្រដ៏ក្តៅគគុកនោះផងដែរ។ តាមរយៈការចុះផ្សាយរបស់កាសែតវៀតណាម The Thao 247 លោក Infantino រៀបរាប់ថា៖ «បាល់ទាត់អាស៊ីអាគ្នេយ៍មានសក្តានុពល និងការអភិវឌ្ឍន៍បានល្អ ប៉ុន្តែនៅមានការរំខានដោយបញ្ហាអំពើហិង្សា ដែលពាក់ព័ន្ធនឹងបាល់ទាត់ផង និងបញ្ហាសង្គមផ្សេងៗផង»។
មេកីឡាបាល់ទាត់ពិភពលោក សញ្ជាតិស្វ៊ីសរូបនេះ ក៏បានបង្ហាញការសោកស្តាយចំពោះឧប្បត្តិហេតុនៃការចលាចលបង្កឡើងដោយមន្ត្រី ជំនួយការ ជាមួយកីឡាករដែលបានកើតឡើងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលឥណ្ឌូណេស៊ីឈ្នះថៃ ៥-២ ដើម្បីគ្រងមេដាយមាសលើកដំបូងក្រោយអាក់ខាន៣២ឆ្នាំ។
Infantino បន្ថែមថា មន្ត្រី ជំនួយការ គួរតែជាអ្នកសម្របសម្រួល ឬការពារកុំឱ្យមានហិង្សាកើតឡើង មិនមែនបញ្ឆេះកំហឹង បង្កឱ្យមានហេតុការអាក្រក់កើតឡើងនោះទេ។ រូបភាពអាក្រក់ក្នុងការប្រកួតកីឡាបាល់ទាត់កីឡាស៊ីហ្គេមវគ្គផ្ដាច់ព្រ័ត្រ បានផ្សព្វផ្សាយសារអវិជ្ជមានយ៉ាងខ្លាំងក្នុងវិស័យបាល់ទាត់៕Newcastle