សប្តាហ៍ទី១២! ភ្នំពេញក្រោននឹងប៉ះក្រសួង​ការពារ​ជាតិល្ងាចនេះនៅ​ស្តាត​ចាស់

សប្តាហ៍ទី១២! ភ្នំពេញក្រោននឹងប៉ះក្រសួង​ការពារ​ជាតិល្ងាចនេះនៅ​ស្តាត​ចាស់

ការ​ប្រកួត​រវាង​ក្រសួង​ការពារ​ជាតិ និង​ភ្នំពេញ​ក្រោន​ វេលា​ម៉ោង​៦​ល្ងាច នៅ​ស្តាត​ចាស់ ផ្សាយ​ផ្ទាល់​តាម BTV Cambodia៕ស្វាយរៀងចាញ់ណាហ្គាវើលដ៍

ក្រុម​​ដែល​ឈរ​លំដាប់​កំពូល​តារាង​​ទាំង​៥​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជាសុទ្ធ​តែ​មិន​អាច​រក​បាន​៣​ពិន្ទុ​ពេញ​ដូច​គ្នាសម្រាប់​ការ​ប្រកួត​ក្នុង​សប្តាហ៍​ទី​១២​ ខណៈ​ក្រុម​ចំណាត់​ថ្នាក់​លេខ​២​ភ្នំពេញ​ក្រោន​ត្រូវ​ប្រកួត​​ជា​មួយ​ក្រសួង​ការពារ​ជាតិ ​ល្ងាច​ថ្ងៃ​ចន្ទ​ ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៣​ នៅ​ស្តាត​ចាស់។

ព្រះ​ខ័ន​រាជ​ស្វាយរៀង​ដែល​កំពុង​ឈរ​លើ​កំពូល​តារាង​តាំង​ពី​ដើម​រដូវ​កាល​មក​បាន​ស្គាល់​បរាជ័យ​ជា​​លើក​ដំបូង​ក្រោម​ថ្វី​ជើង​​ម្ចាស់​ផ្ទះ​ណាហ្គាវើលដ៍​ដោយ​លទ្ធផល ១-០ នៅ​ទឹក​ដី​ខេត្ត​កំពង់ស្ពឺ។ ការ​ប្រកួត​នេះក្រុម​ភ្ញៀវ​ខំ​ប្រឹង​សម្រុក​ខ្លាំង​មែន​ទែន ប៉ុន្តែ​មិន​អាច​បំប៉ោង​សំណាញ់​ទី​របស់​ម្ចាស់​ផ្ទះ​បាន​ឡើយ ដោយសារ​ណាហ្គាវើលដ៍​បាន​ចុះ​ការពារស្ទើរ​ទាំង​ស្រុង​ដោយ​រង់​ចាំ​ឱកាស​វាយ​បក​ប៉ុណ្ណោះ។

ណាហ្គាវើលដ៍​ហាក់​ល្អ​ប្រសើរ​វិញ​ហើយ ដោយ​២​ប្រកួត​ចុង​ក្រោយ​ស្មើ​ក្រុម​ខ្លាំង​វិសាខា និង​ឈ្នះ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ទាប់​ពី​ធ្វើ​មិន​សូវ​បាន​ល្អ​កាល​ពី​ជើង​ទី​១។

ល្ងាច​ថ្ងៃ​ចន្ទនេះ ភ្នំពេញ​ក្រោន​ត្រូវ​ការ​ឈ្នះ​​ម្ចាស់​ផ្ទះ​ក្រសួង​ការពារ​ជាតិ​ដើម្បី​កាត់​បន្ថយ​គម្លាត​ពិន្ទុ​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង។ ៥​ប្រកួត​ចុង​ក្រោយ​របស់​ម្ចាស់​ការពារ​ជាតិ​ជើង​ឯក​ឆ្នាំ​ចាស់​នៅ​លីគ​គឺឈ្នះ​២ ស្មើ១ និង​ចាញ់​១ ប៉ុន្តែ​ជ័យជម្នះ​៤-០លើ​ក្រុម​ហ្វីលីពីន​ក្នុង​ពាន​រង្វាន់ AFC Cup ជា​កម្លាំង​ចិត្ត​សំខាន់​ធ្វើ​ឲ្យ​ក្រុម​មាន​ស្មារតី​ប្រយុទ្ធ​ថ្ងៃ​នេះ។

ក្រសួង​ការពារ​ជាតិ​​ធ្វើ​មិន​សូវ​បាន​ល្អ​ទេ​ក្នុង​៥​ប្រកួត​ចុង​ក្រោយ​គឺ​ឈ្នះ​១ និង​ចាញ់​៤ ដូច្នេះ​​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​មែន​ទែន​ដើម្បី​រក​ពិន្ទុ​បន្ថែម​ទៀត ហើយ​អាច​រក្សា​ចំណាត់​ថ្នាក់​៦ ឬ​ឡើង​ទៅ​លេខ​៥។ ប្រសិន​បើ​លទ្ធផល​មិន​ល្អ​ប្រសើរល្ងាច​នេះ​នឹង​ធ្លាក់​ទៅ​ចំណាត់​ថ្នាក់​​លេខ​៨ ឬ​លេខ​៩។