ប៉ូលិសចាប់ខ្លួនកីឡាករលីគអូស្ត្រាលី ៣រូបពាក់ព័ន្ធការរៀបចំឲ្យមានភ្នាល់

ប៉ូលិសរដ្ឋ New South Wales របស់ប្រទេសអូស្ត្រាលីបានចាប់ខ្លួនកីឡាករ៣រូបនៅលីគបាល់ទាត់កំពូលអូស្ត្រាលី ក្នុងនោះមានកីឡាករ Ulises Dávila ជាប្រធានក្រុមបាល់ទាត់ Macarthur FC បន្ទាប់ពីមានការស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើពុករលួយដែលរៀបចំក្នុងការប្រកួត ក្រៅពីកីឡាករ៣រូបត្រូវបានចាប់ខ្លួន ប៉ូលិសកំពុងស្វែងរកការចាប់ខ្លួនកីឡាករទី៤ដែលបច្ចុប្បន្នកំពុងបានចាកចេញពីរដ្ឋ ។
អង្គភាពប្រឆាំងឧក្រិដ្ឋកម្មល្បែងរបស់ប៉ូលិស NSW បានកំពុងស៊ើបអង្កេតជុំវិញការចោទប្រកាន់ពីបទរៀបចំឲ្យមានពិន័យកាតលឿងក្នុងការប្រកួតលីគអូស្ត្រាលី។ តាមការផ្សាយរបស់ ABC អូស្ត្រាលីថា ការប្រព្រឹត្តបទល្មើសបានកើតឡើងអំឡុងពេលការប្រកួតរបស់ក្រុម Macarthur នៅថ្ងៃទី២៤ ខែវិច្ឆិកា នឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ។ កីឡាករ Dávila ទទួលបានពិន័យកាតលឿងនៅពេលលេងទល់នឹងក្រុម Melbourne Victory នៅថ្ងៃទី២៤ ខែវិច្ឆិកា នឹងទទួលបានកាតលឿង នៅពេលលេងទល់នឹងក្រុម Sydney នៅថ្ងៃទី៩ ខែធ្នូ ។ Erik ten Hag
ក្រៅពីកីឡាករ Dávila ប៉ូលិសបានចាប់ខ្លួនកីឡាករ២រូបទៀតអាយុ២៧ឆ្នាំ នឹង៣២ឆ្នាំ ប៉ុន្តែមិនត្រូវបានបង្ហាញអត្តសញ្ញាណទេ។ ពួកគេប្រឈមនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយដែលបានរៀបចំក្នុងការប្រកួតដែរ ។ ប៉ូលិសបាននិយាយថា កីឡាកររបស់ក្លិប Macarthur បានបង់ប្រាក់១ម៉ឺនដុល្លារឲ្យអ្នកផ្សេងដើម្បីរៀបចំឲ្យមានការពិន័យកាតលឿងក្នុងការប្រកួត ។ កីឡាករសញ្ជាតិម៉ិកស៊ិក Dávila ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ ហើយរូបគេកំពុងមានកុងត្រាជាមួយក្លិប Macarthur មានសុពលភាព២រដូវកាលទៀត ។
កីឡាករដែលត្រូវបានចាប់ខ្លួនទំនងជាត្រូវឡើងតុលាការនៅរសៀលថ្ងៃសុក្រនេះតែម្តង ។
លោក Peter Faux ប្រធានផ្នែកស៊ើបអង្កេតនៃអង្គភាពប្រឆាំងឧក្រិដ្ឋកម្មល្បែងបាននិយាយក្នុងសន្និសីទសារព័ត៌មានថា ប៉ូលិសបានចោទប្រកាន់កីឡាកររបស់ Macarthur ពាក់ព័ន្ធនឹងបុរសអាមេរិកខាងត្បូងម្នាក់នៅក្រៅប្រទេស ។ នៅព្រឹកថ្ងៃសុក្រនេះដែរ Macarthur បានចេញសេចក្តីថ្លែងការណ៍មួយថា ក្លិបមានការរន្ធត់ នឹងស្វែងយល់ពីការចាប់ខ្លួនកីឡាករលីគអូស្ត្រាលី៣រូបរបស់ប៉ូលិស NSW ជុំវិញការបំពាន់ច្បាប់អន្តរជាតិពាក់ព័ន្ធនឹងបង្កើតឲ្យមានពិន័យកាតលឿងក្នុងការប្រកួត ។ ក្លិបនឹងធ្វើអត្ថាធិប្បាយនៅពេលមានការចាំបាច់ ៕