Martinez រកបាន២គ្រាប់ ដើម្បីជួយឲ្យ Inter ឈ្នះពាន Italian Cup

ខ្សែប្រយុទ្ធ Lautaro Martinez បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ខណៈដែលក្រុម Inter Milan ដែលត្រូវឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ បានវាយដេញតាមពីក្រោយ ដើម្បីផ្តួលក្រុម Fiorentina ក្នុងលទ្ធផល ២-១ និងការពារពាន Italian Cup របស់ពួកគេយ៉ាងជោគជ័យ កាលពីថ្ងៃពុធ។Barcelona
កីឡាករ Nicolas Gonzalez បានជួយឲ្យក្រុម Fiorentina រកបានគ្រាប់បាល់នាំមុខមុន នៅកីឡដ្ឋាន Stadio Olimpico ប៉ុន្តែ Martinez បានជួយឲ្យក្រុម Inter រកបានគ្រាប់បាល់តាមស្មើវិញ ហើយបន្ទាប់មក រកបានគ្រាប់បាល់ឈ្នះ នៅមុនពេលបញ្ចប់តង់ទី១ សម្រាប់ក្រុមរបស់លោក Simone Inzaghi។ ការឈ្នះពាន Italian Cup ជាលើកទី៩របស់ក្រុម Inter បានធ្វើឲ្យពួកគេតាមស្មើកំណត់ត្រារបស់ Roma ហើយមានតែក្រុម Juventus ប៉ុណ្ណោះ ដែលបានឈ្នះពាននេះច្រើនជាងគេតាមរយៈការឈ្នះដល់ទៅ១៤លើក។
ក្រុមម្ចាស់ជើងឯក៦សម័យកាល Fiorentina ត្រូវបានរារាំងមិនឲ្យឈ្នះពានជាលើកដំបូងរបស់ពួកគេ បើគិតចាប់តាំងពីឆ្នាំ២០០១ ប៉ុន្តែ ក្រុមនេះ នៅតែអាចមានឱកាសឈ្នះពាននៅរដូវកាលនេះ ក្រោយពីបានឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa Conference League។ ពួកគេនឹងត្រូវប៉ះជាមួយនឹងក្រុម West Ham ក្នុងទីក្រុង Prague នៅថ្ងៃទី៧ ខែមិថុនា ពោលគឺរយៈពេល៣ថ្ងៃ នៅមុនពេលក្រុម Inter ត្រូវប៉ះជាមួយនឹងក្រុម Manchester City ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ក្នុងក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ នៅទីក្រុង Istanbul៕