Romeo Lavia ជ្រើសយក Chelsea និងបានបដិសេធចំពោះ Liverpool

ខ្សែបម្រើ Romeo Lavia របស់ក្លឹប Southampton ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តរួចហើយ ក្នុងការចុះកុងត្រាជាមួយក្លឹបតោខៀវ Chelsea នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ថ្វីត្បិតតែក្នុងកំឡុងពេលប្រកួតស្មើ 1-1 កាលពីថ្ងៃអាទិត្យជាមួយ Liverpool ខ្សែបម្រើកណ្តាលរបស់ Chelsea ដែលមាន Enzo Fernandez និង Conor Gallagher បានបង្ហាញទម្រង់លេងដ៏លេចធ្លោរ និងភាពជាដៃគូដ៏ល្អក៏ដោយ គេបានដឹងថា លោក Mauricio Pochettino នៅតែព្យាយាមខ្នះខ្នែងស្វែងរកកីឡាករថ្មីបន្ថែមទៀតសម្រាប់លេងនៅតំបន់បម្រើកណ្ដាល ។ Supercup
ការទិញកីឡាករចំណូលថ្មី និងជាពិសេសខ្សែបម្រើ មិនមែនជារឿងចម្លែកទេ សម្រាប់ក្លឹបតោខៀវ Chelsea ព្រោះពួកគេបានបាត់បង់កីឡាករមួយចំនួនធំ នៅក្នុងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ កាលពីម្សិលមិញនេះ Chelsea បានប្រកាសបញ្ជាក់ជាផ្លូវការពី Moises Caicedo ដែលផ្ទេរពី Brighton មក Stamford Bridge ក្នុងតម្លៃបំបែកកំណត់ត្រារហូតដល់ 115 លានផោន។ កីឡាករសញ្ជាតិអេក្វាឌ័ររូបនេះ ត្រូវបានគេរំពឹងថា នឹងជំនួសកន្លែងរបស់ Gallagher ដែលជាជម្រើសដំបូងនៅក្នុងការប្រកួតរបស់ក្រុម ។
ស្របពេលជាមួយគ្នានេះ នៅប៉ុន្មានថ្ងៃខាងមុខ Chelsea នឹងទទួលបានខ្សែបម្រើថ្មីម្នាក់ទៀតដែលផ្ទេរពី Southampton គឺកីឡាករ Romeo Lavia ខណៈដែលកីឡាករសញ្ជាតិប៊េលហ្ស៊ិករូបនេះក៏ត្រូវបាន Liverpool ដាក់សំណើរដេញថ្លៃ 60 លានផោនដែរ។ ដូចទៅនឹង Caicedo ដែរ Romeo Lavia បានច្រានចោលឱកាសផ្លាស់ទៅ Anfield និងធ្វើតាមចិត្តរបស់ខ្លួនដោយជ្រើសរើសយក Chelsea ជំនួសវិញ ។